សហព័ន្ធកីឡាបាល់ទះកម្ពុជា ត្រៀមរៀបចំព្រឹត្តិការណ៍អន្ដរជាតិដ៏ធំ បូករួមការត្រៀមនាំចូលនូវបច្ចេកវិទ្យាទំនើបៗជាច្រើន ដើម្បីពង្រឹង និងជំរុញការអភិវឌ្ឍវិស័យកីឡាបាល់ទះកម្ពុជា ពិសេសក្រុមជម្រើសជាតិកម្ពុជា ឆ្ពោះទៅប្រជែងមេដាយស៊ីហ្គេម លើកទី33 ឆ្នាំ2025 នៅប្រទេសថៃ ។ លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អនុប្រធាន
និងជាអគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា បានឲ្យដឹងថា ឆ្នាំ2025 មានព្រឹត្តិការណ៍ប្រចាំតំបន់ 2 ដែលកម្ពុជាត្រៀមចូលរួម គឺព្រឹត្តិការណ៍បាល់ទះជើងឯកអាស៊ីអាគ្នេយ៍ SEA V.League និងស៊ីហ្គេម លើកទី33 ។ បន្ថែមលើនេះ សហព័ន្ធគ្រោងនឹងរៀបចំព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ ដោយគ្រោងអញ្ជើញក្លិបមកពីបារាំង អូស្ដ្រាលី ជប៉ុន ម៉ាឡេស៊ី និងថៃ ចូលរួមប្រកួតនៅកម្ពុជា ព្រមទាំងគម្រោងចេញទៅការពារជើងឯក នៅតៃវ៉ាន់ ក្នុងគោងបំណងតែមួយគត់ ដើម្បីសម្រួចគុណផលអត្តពលិកជម្រើសជាតិត្រៀមប្រជែងមេដាយស៊ីហ្គេម នាចុងឆ្នាំ ។ ទន្ទឹមជាមួយផែនការចូលរួម និងរៀបចំព្រឹត្តិការណ៍ជាច្រើន សហព័ន្ធក៍ត្រៀមបញ្ជាទិញនូវឧបករណ៍ និងបច្ចេកវិទ្យាទំនើបៗ មួយចំនួន បន្ថែមលើម៉ាស៊ីនបាញ់បាល់ ដូចជាឧបករណ៍ដ៏មានតម្លៃដែលមានប្រើតែនៅជប៉ុន, ប្រព័ន្ធ Delta Volleyball ពីបារាំង និងវីដេអូជំនួយ VAR ជាដើម ដើម្បីធានាបាននូវការជំរុញការអភិវឌ្ឍ និងពង្រឹងគុណផលអត្តពលិកក្រុមជម្រើសជាតិកាន់តែប្រសើរ ត្រៀមការប្រកួតអន្ដរជាតិធំៗចំពោះមុខ ពិសេសគឺដំណើរឆ្ពោះទៅប្រជែងមេដាយស៊ីហ្គេមនៅថៃតែម្ដង ។ គួរដឹងថា ឆ្នាំ2025 នេះ សហព័ន្ធកីឡាបាល់ទះកម្ពុជា ក្រៅពីផែនការចូលរួម និងរៀបចំព្រឹត្តិការណ៍អន្ដរជាតិ ក៏ត្រៀមរៀបចំព្រឹត្តិការណ៍ថ្នាក់ជាតិជាច្រើនផងដែរ ជាក់ស្ដែងសប្ដាហ៍នេះ សហព័ន្ធបានរៀបចំការប្រកួតពានរង្វាន់កីឡាបាល់ទះឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន ដែលមានការចូលរួមពីក្លិបធំៗ ទាំងផ្នែកបុរស និងនារី ។ អ្វីដែលពិសេស គឺព្រឹត្តិការណ៍លីគកំពូលប្រចាំប្រទេស «តេជោលីគ» ដែលគ្រោងរៀបចំនាពេលលឆាប់ៗខាងមុខ មុនបន្ដដល់ការប្រកួតផ្សេងៗទៀត ដូចជាពានប្រធានសហព័ន្ធ និងពានសម្ដេចក្រឡហោម ស ខេង ជាដើម ៕